រមណីយដ្ឋានបាភ្នំ ពោរពេញទៅដោយ បរិយាកាសធម្មជាតិ មានខ្យល់បរិសុទ្ធ ព្រៃឈើ និង វាលស្រែពណ៌ខៀវស្រងាត់នៅជុំវិញ។លក្ខណៈពិសេសមួយទៀតគឺ រមណីយដ្ឋាន នគរភ្នំជា​តំបន់​ដ៏ស័ក្តសិទ្ធិមួយ ដែលប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និង អន្តរជាតិ ពីគ្រប់​ទិស​ទី​មកលេងកម្សាន្ត​​ជាប្រចាំ ជាពិសេសគឺនៅរដូវបុណ្យទានម្ដងៗ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋ រស់នៅ​តំបន់នេះ​តែងតែ​មានការជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យឡើងអ្នកតាមួយដែល​មានតំាងពីដូន តាមកម៉្លេះ ឈ្មោះថា ​អ្នកតា មេសរ ដែលពិធីនេះប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃ ក្នុងគោលបំណង ដើម្បីរលឹកគុណ​ដល់​បុព្វបុរស សុំសេចក្តីសុខ សុំទឹកភ្លៀង និង ការពារប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិ។​រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅផ្តុំគ្នាដែលរួមមាន ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា នគរភ្នំ ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ន នៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខ វត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើងភ្នំ។ បាភ្នំមានទេសភាពល្អ និងមានផ្ទាំងថ្ម រូងថ្មធំៗ ដែលជាដែនជម្រកសត្វព្រៃមួយចំនួនលាក់ខ្លួនបាន ហើយនៅជើងភ្នំមានវត្តឈ្មោះថា វត្តភ្នំ ឬ វត្តបាភ្នំ និងស្រះទឹកធំមួយនៅភាគខាងកើត។ រមណីយដ្ឋានបាភ្នំមាន​ទីតាំង​ស្ថិត​នៅ​លើ​ដងភ្នំ​ឈើ​កាច់ ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូ​ពី​ទីរួមខេត្ត​ព្រៃវែង និង​៧០​គីឡូ​ពី​រាជធានី​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​កំណាត់​ផ្លូវជាតិ​លេខ​១ និង​បត់​ចូល​ត្រង់​ចំណុច​ផ្លូវកែង​ផ្សារ​កំពង់​សឹ​ង្ហ ក្នុង​ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្តេច ។

 

Credit by The Kingdom of Cambodia