ប្រាសាទសក្ល ឬប្រាសាទប្រុស គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនទៀតដែលមានអាយុកាលរាប់សត្សវត្សមកហើយ ។ ប្រាសាទនេះសាងសង់ឡើងនៅទីទួលមួយនៅកណ្តាលវាលស្រែ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្រាសាទនេះឈ្មោះពិត គឺជាប្រាសាទប្រុស ប៉ុន្តែក្រោយមកអ្នកស្រុកបានហៅថា«ប្រាសាទសក្ល» តាមរឿងព្រេងនិទាន។ ប្រាសាទសក្ល បានកសាងឡើងក្នុងចន្លោះសតវត្សទី៨ និងទី៩ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ដូចប្រសាទនានា ក្នុងស្រុកកំពង់លែងដែរ ។ ប្រាសាទនេះកសាងឡើងតាមរចនាបថកំពង់ព្រះ ។ គ្មានភ្ញៀវទេសចរទៅទស្សនាប្រាសាទសក្ល និងប្រាសាទមួយចំនួនក្នុងស្រុកកំពង់លែងទេ ។ ប្រាសាទក្ល ក្នុងភូមិកង្កែបក្នុងមួយឆ្នាំម្តងអ្នកស្រុកជួបជុំគ្នាធ្វើបុណ្យឡើងអ្នកតានៅខែវស្សា ។ នៅឃុំច្រណូក មានពិធីបុណ្យបែបនេះ៣កន្លែង គឺនៅអ្នកតាកោះ, នៅប្រាសាទក្ល និងនៅប្រាសាទពណ្ណរាយ ៕