ប្រាសាទត្រពាំងផុង មានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំបាគង ស្រុកបាគង ដែលមានចំងាយប្រមាណជា ៤៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ប្រាសាទត្រពាំងផុង ត្រូវបានសាងសង់ឡើង ដោយព្រះបាទជ័យវរ្ម័នទី៣ ត្រូវជាព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)ដ៏ខ្លាំងពូកែដែលបានបង្រួមជាតិនៅលើទឹកដីចេនឡាឲ្យមានឯកភាពឡើងវិញ។ ដោយសារប្រទេសខ្មែរ មានសន្តិភាព ដ៏បរិបូរណ៍ចាប់តាំងពីរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានប្រារព្ធពិធីរាជាអភិសេកលើភ្នំគូលែននៅឆ្នាំ៨០២ មក វិស័យសិល្បៈស្ថាបត្យកម្ម មានការរីកចំរើនយ៉ាងខ្លាំងក្លាបំផុត នៅក្នុងតំបន់រលួសដែលជាវាលទំនាបស្ថិតនៅទិសអាគ្នេយ៍នៃខេត្តសៀមរាប។ សព្វថ្ងៃក៏ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តដែរមាន សក្តានុពលទេសចរណ៍សំខាន់ៗយ៉ាងច្រើន ដូចជាប្រវត្តិនៃការសាងសង់ប្រាសាទ ចម្លាក់ក្បូក្បាច់ ទីតាំង រចនាបទ និង ប្រវត្តិសាស្រ្ត ។នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែកម្សាន្ត មើលប្រាសាទ រចនាបទ ព្រៃព្រឹក្សា។