ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាល ព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា។ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម៉ែត្រ ដោយ កំពែងខាងកើតប្រវែង ៤២១ម៉ែត្រ ខាងលិចប្រវែង ៤៣៥ម៉ែត្រ ខាងជើងប្រវែង ៤៨៤ម៉ែត្រ និងខាងត្បូងប្រវែង ៤៣២ម៉ែត្រ។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំណែកឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរ តែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេអនុញ្ញាតិអោយប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើន មានរាងបង្អួតសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់។