ប្រាសាទព្រះវិហារ មានទីតាំងដ៏ពិសិដ្ឋ ដែរស្ថិតនៅលើកំពូលភ្នំពយតាឌី ដែលជាច្រាំងថ្ម 525 ម៉ែត្រ (1720 ហ្វីត) នៅលើភ្នំដងរែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ នៅភាគខាងជើងប្រទេសកម្ពុជា ។ដែលមានចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទព្រះវិហារមានរបៀបសង់សឹងតែដូចៗគ្នាទៅនឹងសំណង់ដទៃទៀតដែលសិ្ថតក្នុងស្ថាបត្យកម្មរបស់ស្ថេចសូរ្យវរ្មម៌ទី១ គឺបែបប្រាសាទសណ្តូកលើភ្នំ ចាំងច្រិតថ្មភ្នំសាងជាប្រាសាទ ដូចគ្នាទៅនឹងប្រាសាទវត្តភូ ប្រាសាទភ្នំជីសូរ ប្រាសាទជើងព្រៃ ប្រាសាទវត្តត្រាច ជាដើម។ល។ រីចម្លាក់នៅលើហោរជាងមានទំរង់ដូចនៅប្រាសាទបន្ទាយស្រី និង កោះកេរ ដូច្នោះដែរ ។តាមរយៈការសិក្សាស្រាវជ្រាវអាចសន្មតថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ តាមរយៈសិលាចារឹកលេខ K-៥៨៣ នៅប្រាសាទបាពួន ចារក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថាព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។ ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។