ភ្នំសសៀរជាភ្នំមានល្អាងរូងពីធម្មជាតិស្ទើរតែគ្មានកន្លែងណាដូចដែលអាចឲ្យភ្ញៀវទេសចរចូលលេងកម្សាន្តបានយ៉ាងសប្បាយមានដូចជារូងភ្នំដំរីសរូងភ្នំអាចម៍ប្រចៀវជាពិសេសនៅរូងភ្នំដំរីសមានបន្សល់ទុកនូវស្នាដៃស្ថាបត្យកម្មដ៏កំពូលមួយគឺវាលស្រែ១០០ដែលបានលាក់ខ្លួនបំពួនអាត្មាក្នុងរូងភ្នំដ៏ងងឹតមួយនេះ។ភ្នំសសៀរជាភ្នំបែបធម្មជាតិមួយដែលប្រកបទៅដោយជំនោរខ្យល់អាកាសត្រជាក់បរិសុទ្ធនិងជាទីកម្សាន្តមួយដ៏ជាទីគួរឲ្យមនោរម្យនិងមានសម្រស់ធម្មជាតិស្រស់បំព្រងគ្រប់រដូវកាល។នៅពេលភ្ញៀវទេសចរបានឡើងទៅដល់លើកំពូលភ្នំហើយនោះគឺតែងតែគយគន់មើលឃើញនូវទេសភាពវាលស្រែព្រៃភ្នំភូមិដ្ឋានរបស់បងប្អូនអ្នកស្រុកសមុទ្រដ៏ធំល្វឹងល្វើយ។មិនតែប៉ុណ្ណោះភ្នំសសៀរក៏ជាកន្លែងគោរពតាមជំនឿលំនាំព្រះពុទ្ធសាសនានិងជាទីកន្លែងបួងសួងដល់វត្ថុស័ក្តិសិទ្ធិដើម្បីសុំលាភសក្ការៈផ្សេងៗថែមទៀតផង។ភ្នំសៀរមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍និងមានចម្ងាយប្រហែល១៤គីឡូម៉ែត្រពីក្រុងកែប។