ប្រាសាទព្រហ្មកិល គឺជាប្រាសាទតូចមួយស្ថិតនៅក្បែរប្រាសាទអង្គរវត្ត មានចម្ងាយ ប្រមាណ ៣០០ម៉ែត្រ ខាងលិចខ្លោងទ្វារ ប្រាសាទអង្គរវត្ត។ ប្រាសាទព្រហ្មកិល ត្រូវបានសាងឡើងពីថ្មភក់ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា។ប្រាសាទនេះជាប្រាសាទមួយដែលមានរាងតូចច្រឡឹង ហើយមានចម្ងាយពីផ្លូវមុខ អង្គរប្រហែលជា ៥០ ម៉ែត្រប៉ុណ្ណោះ។ ប្រាសាទព្រហ្មកិលមានរូបចម្លាក់មនុស្ស និង ក្បាច់ឆ្លាក់នៅផ្ទាំងថ្មប្រាសាទគួរជាទីចាប់ចិត្ត។ប្រាសាទតាព្រហ្មកិលសាងនៅចុងសតវត្សរ៍ទី១២ ដោយស្នាមព្រះហស្ត ព្រះបាទជ័យវរ្ម័នទី៧ បច្ឆមរណៈព្រះនាមមហាបរមសំគតតបតៈ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា។បើយោងតាមអ្នកស្រាវជ្រាវ ប្រាសាទនេះជាសាលាសំណាក់ឬមន្ទីរពេទ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងរជ្ជកាលរបស់ទ្រង់។ប្រាសាទនេះបែរមុខទៅទិសខាងកើត ដែលមានទ្វារបញ្ឆោតបី និងមានជើងទម្រមួយ ដែលមានក្បាច់រចនា និងសោមសូត្របង្ហូរទឹកមន្តមួយនៅប្រហោងប្រាសាទនៅទិសខាងជើង។ សព្វថ្ងៃថ្វីត្បិតតែមានទំហំតូច និងទ្រុឌទ្រោមអស់ក៏ដោយប៉ុន្តែអ្វីដែលនៅសេសសល់ រូបចម្លាក់មនុស្សទេពអសុរ ព្រះពុទ្ធសម្មាធិ ទេពអប្សរ អវលោកកេស្វរ និង ក្បាច់ឆ្លាក់នៅផ្ទាំងថ្មប្រាសាទស្រស់ស្អាត គួរជាទីចាប់ចិត្ត និងគួរឱ្យកោតសរសើរពីស្នាដៃបុព្វបុរសខ្មែរ។