ភ្នំណាមលៀរ គឺជាទីតាំងទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយស្ថិតនៅ ភូមិទី1 ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៧គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ។ ភ្នំនេះមានផ្ទាំងថ្មធំៗខ្ពស់ និងចោត ដែលផ្ដល់អោយអ្នកទេសចរនូវដំណើរកម្សាន្តបែបផ្សងព្រេង និងទស្សនីយភាពតាមផ្លូវអមទៅដោយព្រៃភ្នំនិងទឹកអូរហូកាត់ផ្លូវ ហើយអ្វីដែលប្លែកជាងនេះទៅទៀតគឺនៅពេលភ្ញៀវទេសចរឡើងដល់កំពូលភ្នំជួបជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ បានយ៉ាងច្បាស់។ ទិដ្ឋភាពទាំងអស់នេះ ធ្វើឲ្យភ្នំណាមលៀរ ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងចំណោមតំបន់ភ្នំដទៃទៀត។