រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលកោះសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារដែលមានចំងាយប្រមាណជា៨គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលធ្វើដំណើរឆ្លងកាត់តាមស្ពានជ្រោយចង្វាតាមផ្លូវ6A។ នៅទីនេះមានបម្រើសេវាកម្សាន្តភោជនីយដ្ឋាននិងគ្រែអង្គុយតាមមាត់ទឹកនិងជាទីតាំងដ៏ស្រស់ត្រកាលដែលពោរពេញទៅដោយឆ្នេរខ្សាច់សក្បុសទឹកទន្លេដ៏ត្រជាក់ថ្លាយង់អាចងូចទឹកលេងកម្សាន្តបានថែមទៀតផង។ នៅទីនោះអាចផ្តល់នូវអារម្មណ៍ស្រស់ថ្លាដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលបានទៅកម្សាន្តនៅទីនោះ។ក្រៅពីនេះតំបន់នេះត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសិប្បកម្មដែលស្ថិតនៅចំកណ្តាល នៃដង ទន្លេមេគង្គ ដែលមានបណ្តោយប្រវែង១២គីឡូម៉ែត្រ ។នៅទីនេះមានសិប្បកម្មត្បាញក្រមាមុងសារុងសូត្រហូលផាមួងក្រមាសូត្រនិងជំនួញជួញដូរខ្នាតតូចជាច្រើនទៀត។ជាក់ស្តែងស្ទើរគ្រប់លំនៅឋានរបស់ប្រជាពលរដ្ឋគេតែងតែឃើញមានបន្សល់ទុកនូវកីតម្បាញនៅក្រោមផ្ទះ។ផ្អែកតាមលក្ខណៈសម្បត្តិរបស់កោះដាច់ដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងក្រាស់ក្រែល និង ប្រពៃណីផងនោះ បានធ្វើឱ្យតំបន់នេះប្រែក្លាយទៅ ជារមណីយដ្ឋានដ៏មានប្រជាប្រិយភាព និង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងស្រុក។