ភូមិវត្តគរគឺជាភូមិគំរូមួយដែលមានលំនៅដ្ឋានបុរាណច្រើនជាងគេសាងសង់ឡើងអំពីឈើដែលមានលក្ខណៈស្រស់ស្អាតនិងអគារមានលក្ខណៈបង្ហាញនូវទំនៀមទំលាប់របស់អ្នកស្រុក។ភូមិនេះស្ថិតនៅភូមិវត្ដគរសង្កាត់វត្ដគរក្រុងបាត់ដំបងស្ថិតនៅស្របតាមបណ្ដោយស្ទឹងសង្កែចំងាយប្រមាណ២គីឡូម៉ែត្រឆ្ពោះទៅទិសខាងត្បូងពីទីរួមខេត្ដបាត់ដំបងហើយភ្ជាប់ជាមួយភូមិកំពង់សីមាភូមិឈើទាលដែលសម្បូរដោយដំណាំកសិកម្មដែលកសិករបានដាំដុះនៅទីនោះ។ភូមិវត្ដគរនេះជាភូមិដែលមានលំនៅដ្ឋានប្រជាជនរស់នៅជាលក្ខណៈខ្មែរនិងមានផ្ទះប្រជាពលរដ្ឋតាំងពីយូលង់មកហើយ។ផ្ទះមួយចំនួនបានសង់ឡើងនៅដើមសតវត្សទី២០។រហូតមកដល់សព្វថ្ងៃអ្នកស្រុកបានប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីពីបុរាណតរៀងមក។ទីតាំងអំណោយផលអាចរៀបចំជាផ្លូវថ្មើរជើងនិងផ្លូវជិះកង់សម្រាប់កីឡាទេសចរណ៍សម្បូរដោយផ្ទះបុរាណដែលជាគោលដៅទាក់ទាញភ្ញៀវដ៏សំខាន់ទិដ្ឋភាពដងស្ទឹងដ៏ស្រស់ត្រកាលតាមដងផ្លូវសម្បូរដោយដំណាំចំការដែលជាសក្តានុពលកសិ-ទេសចរណ៍ភូមិលក្ខណះប្រពៃណីដែលប្រជាពលរដ្ឋក្នុងតំបន់បានអភិរក្សផ្ទះជាច្រើនដែលអាចរៀបចំជាផ្ទះសម្រាប់ភ្ញៀវទេសចរស្នាក់នៅនិងជាការលើកស្ទួយផ្ទះបុរាណខ្មែរអោយភ្ញៀវទេសចរអន្តរជាតិបានដឹងនិងស្គាល់៕